ប្រកាសតែងតាំង គណៈកិត្តិយស និងគណៈកម្មាធិការ អនុសាខាក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសសុពលភាព ដល់លោក លោកស្រី ព្រះតេជគុណព្រះកិត្តិយសនៃគណៈកម្មាធិការសាខា កាកបាទក្រហមក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោក លី សារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត។
គួរបញ្ជាក់ផងដែរថា គណៈកិត្តិយសត្រូវបានប្រកាសតែងតាំងមានចំនួន៨ រូប ក្នុងនោះ ក៏មានព្រះតេជគុណ ប៉ាត សុគន្ធ អនុគណក្រុង សិរីសោភ័ណមួយព្រះអង្គផងដែរ ហើយអនុសាខា ចំនួន៨ រូបព្រមទាំងមានមន្ត្រីប្រចាំការចំនួន ២រូប។លោក ស្រេង សុផល ដែលជាប្រធានជាអនុ សាខាក្រុងក៏បានឡើងធ្វើការប្តេជ្ញាចិត្តខ្ពស់ ប្ដេជ្ញារក្សាសាមគ្គីភាពផ្ទៃក្នុងលើកកម្ពស់ក្នុងការដឹកនាំ តម្រង់ទិសដៅដល់សមាជិករបស់ខ្លួនយកចិត្តទុកដាក់ ដល់អ្នកស្ម័គ្រចិត្តនិងក្រុមយុវជនបន្តបង្កើននូវកិច្ចសហការ ល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្ដេជ្ញាចិត្តគ្រប់គ្រងចំណូលចំណាយឲ្យមានតម្លាភាពគណនេយ្យភាព។
លោក លី សារី ដែលជាអនុប្រធានអចិន្ត្រៃយ៍បានមានប្រសាសន៍ថា ទោះបីជាសកលលោកទាំងមូលក្នុងនោះក៏មានកម្ពុជាផងដែរស៊ូទ្រាំនូវជ័យជម្នះបញ្ហាជាច្រើនអាចអូសបន្លាយយូរឆ្នាំក៏ដោយ ក៏កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមជាមួយគណៈកម្មាធិការសាខា នៅតែបន្តជំរុញសកម្មភាព ជួយជនរងគ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី ឡើយដោយមិនទុកឱ្យមាននរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
លោក លី សារី បន្តទៀតថា ពិធីប្រកាសសមាសភាពជូនដល់អស់លោក លោកស្រីនៅថ្ងៃនេះ សំដៅលើកកម្ពស់ស្មារតីសាមគ្គី លើវិស័យមនុស្សធម៌ អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ព្រះអង្គ អស់លោក លោកស្រី នឹងខិតខំស្វែងរកនូវការ ឧបត្ថម្ភទាំងសម្ភារៈថវិកា ដើម្បីបន្តដោះស្រាយគ្រប់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ កុមារកំព្រា គ្មានទីពឹង និងជនងាយរងគ្រោះដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយធម្មជាតិជាដើម ៕