ប្រជាពលរដ្ឋ នៅស្រុកសេសាន ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯក ឧត្តម ហ៊ុន ម៉ានី
ខេត្តស្ទឹងត្រែង៖ក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងខណៈដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅបរិវេណ សាលាបឋមសិក្សាកំភុន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួនជាង ១០០០ នាក់។ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ថ្ងៃនេះប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូល ពិតជាមានសេចក្តីសោមនោសរីករាយ និងគោរពថ្លែងអំណរគុណជាអតិបរិមាចំពោះការយកចិត្តទុក្ខ ដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា ជាប្រធានគណកម្មការទី៧នៃរដ្ឋ សភា ជាប្រធានសហភាពសហព័ន្ធកម្ពុជា ដែលបានផ្តល់ឱកាសអោយប្រជាពលរដ្ឋ ក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូល ទទួលបានការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ៕