ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រសរុបប្រមាណ ១១៥គ្រួសារដែលរងគ្រោះដោយទឹកជំនន់ ដែលបានជម្លៀសមករកទីទួលសុវត្ថិភាពនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះផងដែរឯកឧត្ដមបាននាំយក អំណោយ របស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនដោយក្នុងគ្រួសារទទួលបាននូវអង្ករ ១០គីឡូក្រាម មីមួយកេស ឃីតមួយថង់ និងថវិកាមួយចំនួន។
លោក ស្រេង សុផល ដែលជាអភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ មកទល់នឹងបច្ចុប្បន្នទឹកជំនន់ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃបង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៧ សង្កាត់ស្មើ នឹង២៩ឃុំ ប៉ះពាល់ដល់ផ្ទះសម្បែងចំនួន៥៩៤ខ្នង មនុស្សចំនួន ២៩២១ នាក់លង់ទឹកស្លាប់ចំនួនម្នាក់ ជម្លៀសមករស់នៅទីទួលសុវត្ថិភាពចំនួន១១៥គ្រួសារ ដំណាំកសិកម្មប៉ះពាល់ស្រូវចំនួន ១៥២៨ហិកតាដំណាំរួមផ្សំ ១៤ហិកតាសាលារៀនបីកន្លែង ហើយចំនួនផ្លូវ ៦៣ខ្សែ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមបន្តថា អំណោយដែលបានយកមកផ្តល់ជូនបងប្អូនយាយតានៅពេលនេះទៅមានភាពតិចតួចពុំអាចផ្គត់ផ្គង់បានយូរអង្វែងនោះទេគ្រាន់តែបានជួយសម្រាលបានមួយគ្រាតែប៉ុណ្ណោះ ។ចុងក្រោយេកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ការពារអាយុជីវិត ពិសេស កុមារតូចៗ សប្បាយនឹងការលេងទឹក បណ្តាយឲ្យមានការលិចលង់ជាក់ស្ដែងសម្រាប់ខេត្តបន្ទាយមានជ័យ គឺសរុបអ្នកដែលលង់ទឹកស្លាប់ចំនួន ១៤នាក់ហើយ ។ម្យ៉ាងទៀតគឺស្បៀងអាហារដែលត្រូវផ្គត់ផ្គង់ឲ្យបានម៉ត់ចត់ឲ្យអាជ្ញាធរភូមិ ឃុំត្រូវរាយការណ៍ជាបន្ទាន់លើបញ្ហាប្រជាពលរដ្ឋណាមួយដែលដាច់ស្បៀងជាបញ្ហាសំខាន់មួយទៀតគឺសុខភាពតែរក្សា បាយហូបស្អាតផឹកស្អាតរស់នៅស្អាតជាពិសេសសូមប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕