ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅស្រុកភ្នំស្រុក ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ផងដែរ។
ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត,ការកសាងប្រព័ន្ធប្រឡាយទឹកសំរាបំរើការងារកសិកម្ម,ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូលដ្ឋាន,ការងារដោះស្រាយទំនាស់ដីធ្លី ជាដើម។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នាថ្ងៃនេះពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ លំអ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលយកសំណូម ពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះ ធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែង ជាមួយអង្គភាពពាក់ព័ន្ធ ហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត៕