កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ” សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត”
ខេត្តព្រៃវែង៖ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ” សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា៖ អ្នកស្មគ្រចិត្តគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្តនានា។
អនុប្រធានអចិន្រ្តៃយ៍ បានបន្តថា៖ អ្នកស្ម័គ្រចិត្ត គឺជានិម្មិតរូបនៃការលះបង់កម្លាំង កាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិង បញ្ហា ប្រឈមនានា។ ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែរឹងមាំ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានជំងឺកូវីដ–១៩ ជំងឺ ឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្ដារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវិត ១៩ ។
បើយោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា៖ បច្ចុប្បន្នភាពមានអ្នកស្ម័គ្រចិត្តអនុសាខាក្រុង ស្រុក ទាំង១៣ ចំនួន ១,៧៧៦នាក់ ស្រី ៧៤៧នាក់ និងយុវជនកាកបាទ ក្រហមកម្ពុជា ទាំង ៣២វិទ្យាល័យ មានចំនួន ៣,៣៧២នាក់ ស្រី ២,១៧៧នាក់ ក្នុងឆ្នាំ២០២២៕