អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២០និង១១នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ផា លាងហ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភិទិ ឌីសាបាយ (ហៅបែង) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ មានករណីលួចទូរសព្ទ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនជាតិថៃខាងលើ បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៥គ្រឿង (ម៉ាកវីវ៉ូ ចំនួន០២គ្រឿង និងទូរស័ព្ទម៉ាក រៀលមី ចំនួន០៣គ្រឿង) របស់ជនរងគ្រោះ។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើព្រមទាំងចាប់យកវត្ថុតាងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទ៥គ្រឿង ពិតប្រាកដមែន ដោយខ្លួនបានយកទូរសព្ទ័ចំនួន០៤គ្រឿងទៅលក់ នៅសល់ទូរស័ព្ទមួយគ្រឿង។ បន្ទាប់ពីសួរនាំរួចកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ដោយឡែកទូរស័ព្ទមួយគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕