រដ្ឋបាលក្រុងដូនកែវ នាំយកសម្ភារធុងចម្រោះទឹកស្អាត ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៥០០គ្រួសារ ក្នុងក្រុងដូនកែវ
ខេត្តតាកែវ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជន ក្រុងដូនកែវ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកសម្ភារធុងចម្រោះទឹកស្អាត ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន៥០០គ្រួសារ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដែលជាអំណោយរបស់ក្រុមហ៊ុន (SIPCO) តាមរយៈសហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម។
ពិធីនេះបានប្រារព្ធឡើងនៅបរិវេណសាលាសាលាក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះអោយរដ្ឋបាលក្រុង ព្រមទាំងគ្រួសារអតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន៥០០គ្រួសារផងដែរ។
មានប្រសាសនន៍សំណេះសំណាលនាឱកាសនោះ លោកអភិបាលក្រុងបានលើកឡើងថា អជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ តែងតែគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។
លោកអភិបាលក្រុងបានបន្តថា ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរលោកអភិបាលក្រុងដូនកែវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ម្ចាស់ជំនួយ និងសហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដែលបានសហការគ្នានាំយកនូវសម្ភារធុងចម្រោះទឹកស្អាតមកចែកបងប្អូន ពូមីង នាឱកាសនេះ ដោយបានចាត់ទុកសកម្មភាពទាំងនេះ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់នូវសុខមាលភាពនិងការកាត់បន្ថយភាពក្រីក្រមួយផ្នែក ដល់ប្រជាពលរដ្ឋផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា