ផ្លូវ១ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិការកិត្តិយស នៅវត្តល្ងើន ស្រុកស្វាយជ្រំ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិការកិត្តិយស ដែលចំណាយថវិកាសាងសង់អស់៣៧១.៥៧០$ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។
ថ្លែងក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាននិងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេស។
លោកជំទាវបានបន្តទៀតថា សមិទ្ធិផលដែលបានបានដាក់សម្ពោធក្នុងថ្ងៃនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន ។ជាមួយគ្នានោះលោកជំទាវ ក៏បានថ្លែងអំណរគុណ លោកជំទាវឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន យើងនេះ ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ៕