ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន –លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង–ស្រុកទាំង៩ –លោក វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ –លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ –លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នរគរបាលការពារព្រំដែនគោកទាំង៣២។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការណ៍។ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវផែនការសម្រាប់ខែបន្ទាប់រួមមានៈ
១–ជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
២–បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ។
៣–ពង្រឹងទប់ស្កាត់បទល្មើសជូញដូរគ្រឿងញៀន ។
៤–ទប់ស្កាត់ការជួញដូរមនុស្ស ។
៥–ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងអាហារនាំឲ្យខូចសុខភាព ។
៦–បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ៧–ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ។
៨–កម្លាំងទាំងអស់ត្រូវគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕