ចាប់ឃាត់ខ្លួនបានហើយ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម លើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ នៅភ្នំពេញ
(ភ្នំពេញ)៖ជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបាននៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាប្ដី និងស្រ្តីសង្ស័យមានឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែការប្រច័ន្ទ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។
គួររម្លឹកផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំ.ក បណ្តាលឲ្យដាច់។ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ជូនទៅកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕