ទុសេរខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ល្វែង រងការខូចខាតស្ទើទាំងស្រុង នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន ៥ល្វែង រងការខូចខាតស្ទើអស់ទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ដែលបានកើតឡើងកាលពីនាវេលាម៉ោង៦ និង១០នាទីព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខសណ្ឋាគាអូរមាស ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីអគ្គីភ័យនេះគឺផ្តើមពីការទុសេរខ្សែភ្លើង ចេញពីផ្ទះលក់គ្រឿងសម្ភារៈអេឡិចត្រូនិច ឆេះឆ្លងជាបន្តបន្ទាប់ពីផ្ទះមួយទៅផ្ទះមួយទៀត។ភ្លាមនោះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន អាជ្ញាធរមូលដ្ឋាន រួមនឹងកម្លាំងអន្តរាគមន៍របស់ព្រះរាជាណាចក្រថៃ បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ និងឧបករណ៍មួយចំនួន ចុះជួយអន្តរាគមន៍យ៉ាងសស្រាក់ស្រាំង រហូតដល់វេលាម៉ោងប្រមាណជាង៨ព្រឹក ទើបគ្រប់គ្រងស្ថានការបាន ពោលគឺរលត់ជាស្ថាពរ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលរងការខូចខាតស្ទើទាំងស្រុងមានចំនួន៥ល្វែង ។ហើយផ្ទះនិមួយៗបើកអាជីវកម្មលក់ដូរមានដូចជា៖ លក់សំបកកង់រថយន្ត, ម៉ាត BPA 24h , ហាងលក់សំភារៈគ្រឿងអគ្គិសនី,ហាង ទ្រី ស្រីពៅ គ្រឿងអេឡិចត្រូនិច និងហាង អិន ធី ស៊ី កុំទ្យូទ័រ ។ចំនួនសរុបនៃការខូចខាតរហូតមកដល់ពេលនេះនូវមិនទាន់ដឹកនៅឡើង កម្លាំងជំនាញកំពុងធ្វើកំណត់ហេតុ។
នៅក្នុងប្រតិបត្តិការណ៍ជួយអន្តរាគមន៍ក្នុងគ្រោះអគ្គីភ័យនេះ ផ្នែកកម្លាំងអន្តរាគមន៍រួមមាន៖កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត –កម្លាំងរដ្ឋបាលក្រុងប៉ោយប៉ែត –កម្លាំងរដ្ឋបាលសង្កាត់ប៉ោយប៉ែត –កម្លាំងរដ្ឋបាលសង្កាត់អូរជ្រៅ –កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត –កម្លាំងវីរ:ការពារព្រំដែន ៨៩១ –កម្លាំងវីរ:ការពារព្រំដែន ៩១១ –កម្លាំងអាវុធហត្ថក្រុង –កម្លាំងកងពលលេខ៥១ –កម្លាំងសឹករងក្រុង –កម្លាំងជួយអន្តរាគមន៍របស់អង្គភាពថៃ និងកម្លាំងផ្សេងៗទៀត សរុបចំនួន ១១១៤នាក់ ។
ដោយឡែករថយន្តពន្លត់អគ្គីភ័យ ដែលបានចេញប្រតិបត្តិការណ៍ជួយបាញ់ពន្លត់មកពីស្នងការខេត្ត,សាលាក្រុង,ក្រុមហ៊ុនត្រូពីកាណា ,ក្រុមហ៊ុន ហ្គ្រេនដាយម៉ិន និងភាគីថៃសរុបចំនួន២៤គ្រឿង ។ចំណែករថយន្តសង្គ្រោះបន្ទាន់ចំនួន១០គ្រឿង ហើយក្នុងប្រតិបត្តិការណ៍ជួយអន្តរាគមនោះមានកម្លាំងអធិការស្រុកអូរជ្រៅ ១នាក់រងរបួសស្រាល ក្នុងពេលជួយអន្តរាគមន៍ពន្លត់អគ្គីភ័យផងដែរ តែមិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់នោះឡើយ ៕