ខឹងប្អូនព្រោះតែរឿងប្រាប់មិនឲ្យស្រាវខ្សែភ្លើងនៅជុំវិញផ្ទះ រហូតគងសំដីគ្នា ក៏ស្រាប់តែបងបង្កើតទាញកាំបិតតាំងតោគប់ បណ្តាលឲ្យរងរបួសធ្ងន់
(ប៉ៃលិន)៖ជនសង្ស័យដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះ ត្រូវកម្លាំងនគរបាលក្រុងប៉ៃលិនចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅលើប្អូនរបស់ខ្លួនដោយបានទាញកាំបិតតាំងតោគប់ បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងប្រាប់មិនឲ្យស្រាវខ្សែភ្លើងនៅជុំវិញផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះចំការដាំបន្លែ ស្ថិតនៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន វេលាម៉ោងប្រហែល១៤និង១០នាទី ។
បើតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលជំនាញប៉ុស្តិ៍សង្កាត់ទួលល្វាបានឲ្យដឹងថា ករណីបង្កហឹង្សានេះបានកើតឡើងដោយសារ មុនដំបូងគឺបងបង្កើនមកពីចម្ការបន្លែ លុះដល់ផ្ទះបានទៅស្រាវខ្សែភ្លើងនៅជុំវិញផ្ទះ ខណ:ពេលនោះប្អូនបង្កើត ក៏បានប្រាប់ទៅបងថា«កុំស្រាវខ្សែភ្លើងអ្វីយប់ហើយ»ពេលនោះ បងបានខឹងប្អូនក៏ស្រាប់តែគងសំដីគ្នា ជេរប្អូនរួចយកកាំបិតតាំងតោគប់ទៅលើប្អូនបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។
នគរបាលសង្កាត់ទួលល្វាបានបន្តថា ជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅកន្លែងកើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវចង្កាដេរចំនួន០៧ថ្នេរ និងកដៃខាងឆ្វេងចំនួន០៧ថ្នេរ (ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ) និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ចំណែកជនបង្កឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះដាំបន្លែជាមួយគ្នា(ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ)និងជាមុខសញ្ញាចាស់៖
១–ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានហៅមកអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ករណីគំរាមហិង្សានិងដុតខ្ទមចោរ។
២–ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ករណីដុតផ្ទះប្រជាពលរដ្ឋ និងត្រូវបានជនរងគ្រោះដកពាក្យបណ្តឹង និងដោះលែងឱ្យនៅក្រៅឃុំ។
ពាក់ព័ន្ធករណីបង្កហឹង្សាលើប្អូនបង្កើតនេះដែរ៖ កាលពីនៅវេលាម៉ោងប្រហែល០០និង២០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ជនបង្កជិះម៉ូតូមកដល់ផ្ទះ ទៅមើលចំការបន្លែ និងបានដើរទៅស្រាវខ្សែភ្លើងជុំវិញផ្ទះ រួចជនរងគ្រោះបានប្រាប់ថា មិនបាច់ស្រាវខ្សែភ្លើងទេយប់ហើយ ជនបង្កក៏បានខឹងជេរជនរងគ្រោះ រួចនិយាយថា កុំចេះរឿងប្ដីប្រពន្ធអាញ់ ពេលនោះជនបង្កក៏បានដើរចូលក្នុងផ្ទះតាមផ្លូវក្រោយ ហើយដើរចេញមកវិញ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះ ភ្លាមនោះជនបង្កបានយកកាំបិតតាំងតោដែលនៅក្នុងផ្ទះគប់ទៅលើជនរងគ្រោះត្រូវចង្កា និងកដៃខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់។ក្រោយពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា និងសំណូមពរឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ក្រោយពីការស្រាវជ្រាវរហូតដល់វេលាម៉ោងប្រហែល១៨និង២០នាទី ថ្ងៃទី/ខែ/ឆ្នាំដដែល កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនបានចុះសហការជាមួយកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យខាងលើ ដែលគេចមកនៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។វត្ថុតាងដកហូតរួមមាន៖កាំបិតតាំងតោ ០១ដើម។បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តនីតិវិធីច្បាប់៕ ដោយ ៖ លោក ក្រូច ណាវី