សម្ពោធដាក់ឲ្យប្រើបាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងធំស្កឹមស្កៃ ជាការឧបត្ថម្ភសាងសង់ដោយលោកឧកញ៉ា នូ ស៊ីផា ប្រធានក្រុមការងារចុះជួយឃុំឫស្សីក្រោក និងលោកជំទាវសុខ សុភា និងសហការី ដែលត្រូវចំណាយថវិកាអស់សរុបចំនួនជិត ១៧ម៉ឺនដុល្លារសហអាមេរិក ត្រូវដាក់សម្ពោធឆ្លងឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្ដមខេង ស៊ុម អនុប្រធានគណបក្ស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាព្រឹទ្ធសភា ប្រចាំខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរលោកឧកញ៉ា បានមានប្រសាសន៍ថា ការកសាងអគារស្នាក់ការគណបក្សប្រជាជនឃុំឫស្សីក្រោក ស្រុកមង្គលបូរីនៅក្នុងឱកាសនេះ ជាចំណងដៃរបស់ក្រុមគ្រួសាររបស់លោកដែលមានទឹកចិត្តអាណិតស្រឡាញ់ ។ជាងនេះទៀតលោកឧកញ៉ាដែលអ្នកស្រុកកំណើតមករៀនសូត្រនៅទីនេះ ក្នុងវិទ្យាល័យមង្គលបូរីផងដែរ។ហើយរយៈពេលកន្លងមកក្រុមគ្រួសារលោកឧកញ៉ាផ្ទាល់ តែងតែជួយផ្តល់ជាថវិកាកសាងនូវសមិទ្ធផលនានា និយាយដោយខ្លីគឺលោកឧកញ៉ាមិនភ្លេចនៅស្រុកកំណើត និងមិនភ្លេចជាតិដើមរបស់លោកឧកញ៉ាផងដែរ។
ថ្លែងនៅក្នុងពិធីនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍កោតសរសើរ និងអរគុណដោយស្មោះចំពោះសន្តានចិត្តដ៏ប្រពៃរបស់ក្រុមគ្រួសារលោកឧញ៉ា ដែលបានចំណាយទ្រព្យធនជាច្រើនម៉ឺនដុល្លារជួយកសាងនូវសមិទ្ធផលនានា ពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏សូមដឹងគុណយ៉ាង បំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យនៃគោលនយោបាយដ៏ត្រឹមត្រូវ រក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ជាពិសេសរក្សាបាននូវកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចអត្រាប្តូរប្រាក់មានស្ថិរភាពរួម ផ្នែកនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាបន្តបន្ទាប់ទាំងឈានទៅប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ មិនតែប៉ុណ្ណោះតាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិវិលមករកនូវសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ និងការប្រកបមុខរបរចិញ្ចឹមជីវិតដោយពុំមានការភ័យខ្លាច ដែលការណ៍នេះបានជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសក៏ដូចជា នៅតាមមូលដ្ឋានរាជធានី ខេត្តទាំងអស់ ក្នុងនោះខេត្តបន្ទាយមានជ័យក៏បានទទួលនូវផលផ្លែផ្កាយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយទឹកដីពីខេត្ត ដែលមានស្ថានភាពលំបាកគ្មានការអភិវឌ្ឍក្នុងអំឡុងឆ្នាំទស្សវត្សរ៍ទី៨០ និងជាទីតំបន់សមរភូមិមុខ ជាតំបន់ដែលមានការអភិវឌ្ឍជាជំហានជំហានលើគ្រប់វិស័យ និងពីតំបន់ដែលមានមីនជាតំបន់ សេដ្ឋកិច្ចដែលមានរោងចក្រសហគ្រាសធំៗ ចូលវិនិយោគផងដែរ៕