ប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនមន្រ្តីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសតែងតាំងប្រគល់ភារៈកិច្ចទូតដល់មន្ត្រីរាជការ ថ្នាក់អនុប្រធានមន្ទីរ ជាស្ត្រីថ្នាក់ការិយាល័យអង្គភាពសេវាដ្ឋាន នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ក្នុងពិធីនេះលោក សុក ចាន់ថា បានបញ្ជាក់ថា ពិធីប្រកាសតែងតាំងនិងប្រគល់ភារៈកិច្ចជូនដល់មន្ត្រី ពេលនេះ មន្ទីរក៏បានរៀបចំអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ និងរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអភិវឌ្ឍនិងអនុវត្តនូវគោលនយោបាយ ពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកស្រ្តី ជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រដែលជាកិច្ចការអន្តរវិស័យ នឹងការធានាបាននូវស្ថិរភាព នៃសុខសន្តិភាពនិងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិជាពិសេសក្នុងយុគ្គឌីជីថល និងការកសាងនៅមូលដ្ឋានឆ្ពោះទៅសម្រេច នៃចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាពនិងកិច្ចអភិវឌ្ឍន៍ស្ត្រី នៃកម្ពុជាគឺជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើន សេដ្ឋកិច្ចកន្លងមកហើយ ស្ត្រីមានកាលានុវត្តភាពនិងការអនុវត្តនូវសិទ្ធិអភិវឌ្ឍន៍ចំពោះជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារអន្តរជាតិ និងក្នុងតំបន់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះក្នុងន័យ ការបន្តរក្សាបាននូវសុខសន្តិភាពនៅតែជាអាទិភាពចម្បងទីមួយ ដែលមានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង គ្រប់ៗរូប។
ឯកឧត្តមបានបន្តថា ការប្រកាសតែងតាំងប្រគល់ភារៈកិច្ចជូននាពេលនេះគឺជាបន្ទុកដ៏ធ្ងន់របស់សាមីខ្លួន ដែលត្រូវខិតខំយកចិត្តទុកដាក់ឲ្យ ខ្លាំងក្លាប្រកបដោយទេពកោសល្យ និងការដឹកនាំឈរលើស្មារតីទទួលខុសត្រូវ ដើម្បីអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូនទទួលបាននូវលទ្ធផលល្អប្រសើរ៕