ជនជាតិថៃ ៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៣និង៣៩នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចាប់ឃាត់ជនសង្ស័យជាជនជាតិថៃ ចំនួន០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ទាំង៤នាក់
១.ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។
២.ឈ្មោះ ផានុផុង អ៊ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។
៣.ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។
៤.ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ជនសង្ស័យ ទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា ការចុះចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ អាយុ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លើយថា ពួកខ្លួនពិតបាន រំលោភសេពសន្ទវៈ លើនារីរងគ្រោះពិតប្រាកដមែន។ដោយផ្អែកតាមចម្លើយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕