ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ៖ គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងចុះណុចខ្សោយរបស់ខ្លួនឲ្យឃើញ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ
ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីបិទបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរិតរបស់ពួកប្រឆាំង ក្នុងការបំផុសបំផុលចលនាក្នុងចេតនានាំឲ្យមានចលាចលក្នុងសង្គម រួមជាមួយនិងការកើតមានឡើងនូវបទល្មើសផ្សេងៗ ក៏កងកម្លាំងនគរបាលយើង នៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបន្តថា តាមរយៈអង្គសន្និបាតរយ:ពេល១ថ្ងៃដ៏មានសារៈសំខាន់នេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ គន្លឹះមួយចំនួន ពីសំណាក់កងកម្លាំងពាក់ព័ន្ធផងនោះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តស្វាយរៀង និងការអនុវត្តទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសំណាក់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត ។
ក្នុងនោះឯកឧត្តម ឌី វិជ្ជា បានសង្កត់ធ្ងន់ថា គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងចុះណុចខ្សោយរបស់ខ្លួនឲ្យឃើញដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ។ ដោយឡែកនៅខេត្តស្វាយរៀងឆ្នាំនេះគឺយើងនឹងមានកម្មវិធីបុណ្យ និងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីសង្ក្រាន្តស្វាយរៀង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះសូមឲ្យកងកម្លាំងនគរបាលរបស់យើង ត្រូវរៀបចំឲ្យបានស្រេចបាច់ជាមុននូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រឹត្តិការណ៍ទាំងនេះ ឲ្យ បានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ៕