ពលរដ្ឋ ស្នើឲ្យជំនាញពាក់ព័ន្ធក្នុងខេត្តតាកែវ ចុះពិនិត្យការចាកដីលុបបឹងបុរាណ ស្ថិតនៅក្នុងភូមិបឹងឈូកសរខាងត្បូង ឃុំសឹង្ហ រំលោភយកធ្វើជាកម្មសិទ្ធិឯកជនផងទាន
ខេត្តតាកែវ៖ប្រជាពលរដ្ឋនៅស្រុកសំរោង កំពុងមានការព្រួយបារម្មជាខ្លាំង ខ្លាចបាត់បង់បឹងបុរាណដើមក្រឡាញ់ គឺជាបឹងសាធារណៈមួយ នៅជាប់បណ្ដោយផ្លូវជាតិលេខ ២ មានផ្ទៃលាតសន្ធឹងធំល្វឹងល្វើយលំអរទៅដោយដើមកក់ ផ្កាឈូកស្រស់បំព្រងគួរឱ្យចង់គយគន់ ស្ថិតនៅក្នុងភូមិបឹងឈូកសរខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តកែវ ដែលបន្សល់តាំពីដូនតាមក ពួកគាត់ខំថែរក្សា និងអាស្រ័យផលដូចជា យកប្រភពទឹកប្រើប្រាស់ ស្រោចស្រពផលដំណាំផ្សេង ៗ នេសាទត្រីលក្ខណៈគ្រួសារ ជាដើម ដើម្បីចិញ្ចឹមជីវិត តែបច្ចុប្បន្នត្រូវបានអ្នកមានលុយមួយចំនួនកំពុងចាក់ដីលុបរំលោភយកធ្វើជាសម្បត្តិឯកជនទៅវិញ ។
ពាក់ព័ន្ធទៅនឹងការរំលោភយកដីចំណីបឹង ដើមក្រឡាញ់សាធារណៈ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិឯកជននេះដែរ បើតាមប្រភពបានឲ្យដឹងថា កាលពីកន្លងទៅ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ធ្លាប់បានហាមឃាត់ នឹងឱ្យកាយដីចេញវិញម្ដងហើយ តែមួយរយៈចុងក្រោយនេះ បែរជាឃើញដឹកដីយកមកចាក់រំលោភយកបន្តទៀត ។
ជុំវិញបញ្ហាខាងលើនេះដែរ លោក នួន ហ៊ុន មេឃុំសឹង្ហ បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ការចាក់លុបបឹងដីនេះ លោកមិនបានដឹង ហើយបុគ្គលដែលចាក់ដីបឹងមិនបានប្រាប់លោកនោះទេ ។លោកបន្តថា គឺបុគ្គលដែលបានចាក់លុបបឹងបានទិញដីអាស្រ័យផល ហើយក៏បានធ្វើប្លង់ធ្វើកម្មសិទ្ធិស្របច្បាប់ តែមិនដឹងក្បាលទំហំដីប៉ុន្មានម៉ែត្រនោះទេ ។
ដោយឡែក លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានប្រាបើភ្នាក់ងារយើងនៅរសៀលថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ថា រយៈពេលថ្មីៗនេះខាងមន្ទីរធនធានទឹកខេត្ត ក៏ធ្លាប់ចុះមកមើលទីតាំងដីដែលបានលុបនោះដែរ។លោកបន្តថា បើចង់ដឹងច្បាស់ឲ្យទៅសួរប្រធានមន្ទីរធនធានទឹកខេត្ត។ដីដែលគេកំពុងតែចាក់លុបនោះ គឺដីគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវដែលក្បាលដី៣២ ម៉ែត្រ ដែលមានការទទួលស្គាល់ប្រគល់សិទ្ធិកាន់កាប់ ពីលោកមេភូមិ លោកមេឃុំ ប្រធានការិយាល័យធនធានទឹក និងលោកអភិបាលស្រុកជំនាន់លោក ញ៉ែម ស្រស់ ធ្វើលិខិតជូនគេកាន់កាប់។ លោកថា ដីនោះគឺបានកាន់កាប់តាំងពីឆ្នាំ១៩៨៧។ប៉ុន្តែរដ្ឋបាលស្រុកនិងឃុំ ទើបតែបានបញ្ជាក់ជូនគាត់នៅក្នុងឆ្នាំ ២០០៧ រហូតមកដល់ពេលនេះប្រហែលជា១៥ឆ្នាំ ហើយក្នុងពេលនេះដែរ លោកក៏បានបញ្ជាឲ្យគេផ្អាកសកម្មភាពចាក់លុបនេះដែរ រង់ចាំមន្ត្រីជំនាញរបស់គាត់ចុះត្រួតពិនិត្យជាក់ស្ដែង ទទួលបានលទ្ធផលច្បាស់លាស់លោកនឹងចាត់វិធានការទៅតាមហ្នឹង។នឹងបានផ្ញើឯកសារពាក់ព័ន្ធ ដើម្បីឲ្យអង្គភាពសារព័ត៌មានយើងពិនិត្យមើល។ជុំវិញរឿងរ៉ាវករណីលុបដីបឹងបុរាណនេះដែរ ប្រជាពលរដ្ឋ សូមសុំណូមពរដល់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាផ្តល់ក្រុមមន្រ្តីជំនាញពាក់ពន្ធ័ ចុះមកសិក្សាផងទាន ៕ ដោយ ៖ លោក ផូង បញ្ញា