ចាស់ជរា ស្ត្រីមេម៉ាយ និងស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ១៥គ្រួសារនៅស្រុកថ្មពួក ទទួលបានអំណោយពីសមាគមនារីកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារនារីខេត្ត មានការចូលរួមពីលោក លោក អែម សុខា អភិបាលស្រុកថ្មពួក នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌សមាគមនារីកម្ពុជា ជូនដល់ពលរដ្ឋចាស់ជរា ស្រ្តីមេម៉ាយចំនួន៧គ្រួសារ និងស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ចំនួន៨នាក់។
លោក អែម សុខា អភិបាលស្រុកថ្មពួក តាងនាមជំនួសមុខប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសមាគមនារីកម្ពុជាខេត្ត ដែលមានលោកជំទាវ ហេមចិត្តា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយសសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដែលតែងតែចាត់ក្រុមការងារចុះជួយពលរដ្ឋដែលមានជីវភាពខ្វះខាត ជាក់ស្តែងពលរដ្ឋទាំងប៉ុន្មានគ្រួសារ មានជីវភាពលំបាក។ ជាពិសេសប្រុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែនាំក្បែរពលរដ្ឋជានិច្ច ទោះក្នុងកាលៈ ទេសៈណាក៏ដោយ មិនដែលទុកបងប្អូនចោលឡើយ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តជូនចំពោះបងប្អូនស្ត្រីដែលក្ដីនឹករលឹក។
ទន្ទឹមជាមួយគ្នានោះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនអភិវឌ្ឍទៅមុខជាលំដាប់។
ចំពោះអំណោយពលរដ្ឋចាស់ជរា ស្រ្តីម៉េម៉ាយ ៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធវីតាល់មួយកេស គ្រឿងឧបភោគបរិភោគមួយចំនួន សារុងមួយ អាវកីឡាមួយ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល។ ស្ត្រីមានផ្ទៃពោះ កូនខ្ចី កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ចំនួន៨នាក់ ក្នុងម្នាក់ទទួលបាន ឃីតមួយ, សារុងមួយ, អាវកីឡាមួយ រួមនឹងថវិកាម្នាក់ចំនួន៥ម៉ឺនរៀល។ ក្នុងនោះយុវជនដែលបានចូលរួមក្នុងម្នាក់ ទទួលបានសារុងមួយ, អាវកីឡាមួយផងដែរ៕