អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី
ខេត្តបន្ទាយមានជ័យ៖ករណីឃាតកម្មទៅលើជនជាតិចិនម្នាក់ បណ្ដាលអោយស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រូលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន
១.ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ជនសង្ស័យទាំង២នាក់ខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងចាប់យក
១.កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។
២.កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។នៅតួរខ្លួនជនរងគ្រោះមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ។នៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី៕