ចាប់ពីពេលនេះតទៅ មិនមានការយកកម្រៃថ្លៃសេវ៉ាប្រថាប់ត្រាលើប័ណ្ណព្រំដែន ហៅបរិផាស ចំនួន ៥០បាត(ប្រាក់ថៃ) ស្មើជាង ៥០០០រៀល នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត តទៅទៀតហើយ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិសេសអាជីវករ ពាណិជ្ជករ កម្មករ ដែលប្រកបរបររកទទួលទាននៅផ្សាររោក្លឿ ប្រទេសថៃ បានសម្ដែងការសប្បាយចិត្ត រំភើបគ្រប់ៗគ្នា និងអរគុណដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានជួយសម្រួលមិនយកកម្រៃថ្លៃប្រថាប់ត្រាលើប័ណ្ណព្រំដែន ឬហៅថា(បរិផាស) ម្តងចំនួន៥០បាត(ប្រាក់ថៃ)ស្មើជាង ៥ពាន់រៀល តទៅទៀតហើយ និងជារៀងរហូតចាប់ពីពេលនេះតទៅ។
ជាក់ស្តែងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករ ពាណិជ្ជករ កម្មករ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលទៅរកទទួលទាននៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ បានភ្ញាក់ឲ្យព្រឺត និងបង្ករភ្ញាក់ការភ្ញាក់ផ្អើលគ្រប់ៗគ្នា ដោយមិននឹកស្មានដល់ ក្រោយពីចូលទៅវាយប័ណ្ណព្រំដែន(បរិផាស)ដូចសព្វមួយដង ក៏ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បដិសេធមិនយកកម្រៃថ្លៃប្រថាប់ត្រាដូចសព្វមួយដង ។ជាមួយគ្នានោះដែរពួកគាត់បានលើកឡើងដូចគ្នាៗថា នេះហើយអ្វីដែលពួកខ្លួនចង់បាននិងទទឹងរង់ចាំជាយូរមកនោះ ដោយសារតែក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ និងក្រោយពីបានធូរស្បើយហើយនោះ ការប្រកបមុខរបរលក់ដូរនៅក្នុងផ្សាររោងក្លឿ ក្នុងទឹកដីថៃមានការស្ងាត់លក់មិនដាច់ ឯការចំណាយច្រើន ធ្វើឲ្យពួកគាត់ជួបការលំបាកជាខ្លាំងនៅក្នុងជីវភាព។ ទន្ទឹមនោះពួកគាត់ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្នះខ្នែងជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ មិនត្រឹមតែខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេ ពោលគឺទូទាំងប្រទេសតែម្តងដូច្នេះហើយពួកគាត់បានប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតផងដែរ។
ពាក់ព័ន្ធនឹងការមិនយកកម្រៃថ្លៃប្រថាប់ត្រាលើប័ណ្ណព្រំដែននេះដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ដោយមានការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបាន ចុះមកធ្វើការសម្របសម្រួលជាមួយភាគីថៃ ឱ្យស្របតាមនីតិវិធីផ្លូវច្បាប់ផង និងឱ្យស្របតាមកាលៈទេសៈនៅក្នុងច្រកទ្វារទ្វេភាគីរវាងកម្ពុជានិងថៃផង តាមសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាអាជីវករ ពាណិជ្ជករ ដែលចូលពីទឹកដីកម្ពុជាទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិសេសអាជីវករខ្មែរនៅក្នុងផ្សាររោងក្លឿតែម្តង។
លោក ង៉ោ ម៉េងជ្រួន បញ្ជាក់ថា ជាគោលការណ៍របស់រដ្ឋបាលខេត្ត គឺយើងមិនអនុញ្ញាតឲ្យមន្ត្រីណាម្នាក់ទទួលកម្រៃ ពីបងប្អូនប្រជាពលរដ្ឋយើងលើបញ្ហាប្រថាប់ត្រានោះទេ ហើយយើងក៏មិនធ្វើតែមួយថ្ងៃហ្នឹង ឬក៏យើងមិនមែនធ្វើត្រឹមតែពេលវេលាបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនោះទេ គឺជាគោលការណ៍របស់រដ្ឋបាលខេត្តក៏ដូចជាតាមសំណើរសំណូមពររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន គឺយើងមិនអនុញ្ញាតឱ្យមានការទទួលថវិកាតាំងពីដើមមករហូត អញ្ចឹងចាប់ពីពេលនេះរហូតទៅ គឺយើងមិនមានគោលការណ៍ណាមួយតម្រូវឱ្យមានការបង់ប្រាក់លើសេវាប្រថាប់ត្រាចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជារៀងរាល់ថ្ងៃនោះទេ៕ព័ត៌មានលំអិតសូមស្តាប់ប្រសាសន៍របស់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារទាំងដូចខាងក្រោម៖