បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង:ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត។
នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានមានប្រសាសន៍ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង បានប្រព្រឹត្តទៅរយៈពេលពេញ ០១ថ្ងៃ អង្គសន្និបាតបានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទចំនួន ៤ រួមមាន ៖ទី១. ការងារភូមិ-ឃុំ មានសុវត្ថិភាព ចរាចរណ៍ និងគ្រឿងញៀន,ទី២.ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩,ទី៣. ការងារអនាម័យជនបទ និងទី៤. ការងារផ្តល់សេវានៃការិយាល័យចក្រចេញចូលតែមួយ ក្នុងនោះអង្គសន្និបាតក៏បានពិភាក្សា និងស្វែងរកធាតុចូល ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ផងដែរ ៕