ឆក់កាបូបស្ពាយ ពីនារីជនជាតិបារាំង ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ នៅខណ្ឌមានជ័យ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានរួមមាន៖
ទី១៖ ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។
ទី២៖ ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ មិនចាំលេខ ក្នុងសង្កាត់ ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបើក)។
ទី៣៖ ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមច័ន្ទ ក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារៈដកហូតបានរួមមាន៖
១. ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១ (របស់ជនសង្ស័យ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣.កាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។ ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់ ខាងលើឆក់បាន កម្លាំងនាយកដ្ឋានបានប្រគល់ទៅអោយម្ចាស់ដើមគេវិញ ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕