សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសារ នៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសារ (ធ្ងន់ ៣គ្រួសារ និងស្រាល ២គ្រួសារ)ស្ថិតនៅក្នុងភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ និងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
អំណោយផ្តល់ជូនរួមាន ៖
– គ្រួសាររងគ្រោះធ្ងន់ចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេស,ឃីត ១កញ្ចប់,ប្រេងឆា ១ដប,តង ១, និងថវិកា ១៥ម៉ឺនរៀល។
– គ្រួសាររងគ្រោះស្រាលចំនួន ២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេស,ប្រេងឆា ១ដប, និងថវិកា ២ម៉ឺនរៀល៕