ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀនពង្រឹងការងារអប់រំបង្ការ“ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន។ ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ កិច្ចខិតខំរបស់គ្រប់សមាសភាពទាំងអស់នៃខេត្តបន្ទាយមានជ័យ ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសំណូមពរសូមបន្តចូលរួមការពារទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម បានបញ្ជាក់ថា៖ សម្រាប់ចំនួនវត្ថុតាងគ្រឿងញៀនសរុបទាំង៣ខេត្តរួមមាន៖
១–ម្សៅក្រាមសថ្លា(ICE) =៣០៨៧.២៣ក្រាម
២–ថ្នាំគ្រាប់ (WY) =៣១៦.06ក្រាម នឹង១២០៧គ្រាប់
៣–ថ្នាំញៀនប្រភេទចំរុះ(ថ្នាំគ្រវី)= ៣៣៧.៨ក្រាម
៤–កញ្ឆាក្រៀម =៥.៨៦ក្រាម។
នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានប្រារព្វទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងបរិបទរបស់ពិភពលោកក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»ឲ្យមានសុខដុមនីយកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន ជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន បន្តពង្រឹងប្រសិទ្ធភាពមណ្ឌលព្យាបាលស្តារនីតិសម្បទា ពង្រឹងប្រសិទ្ធភាពការិយាល័យBLO បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ផែនយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានោះដែរឯកឧត្តម នាក់ យុទ្ធា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ចូលរួមឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ៕