ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េខាងត្បូង ចុះពិនិត្យព្យាបាលជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសកូរ៉េខាងត្បូង សហការជាមួយនឹងអង្គការ ហាឆាន់ ខាំ នៃប្រទេសកូរ៉េប្រចាំខេត្តបន្ទាយមានជ័យ បានចុះបេសកកម្មពិសេសពិនិត្យព្យាបាលជំងឺផ្សេងៗ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១១,១២និង១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសាលារៀន របស់អង្គការ ហាឆាន់ ខាំ និងនៅមន្ទីរពេទ្យរដ្ឋសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើការចុះពិនិត្យនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ បានទៅពិនិត្យនិងព្យាបាលជំងឺផ្សេងៗដូចជា៖ជំងឺបេះដូង ជំងឺក្រពះ ជំងឺភ្នែក ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្រ្តថែមទៀតផង។
ក្នុងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក៏បានចូលរួមទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចំនួន ៣០នាក់ ដឹកនាំដោយលោក គឹម ឆ្យ៉ងហូល និងលោក គឹម យ៉ុងអ៊ុក ប្រធានអង្គការ ហាឆាន់ ខាំ និងលោកស្រី គឹម ហ្សុនអា នាយិការសាលាមកហៅវិទ្យាល័យគ្រីស្ទាន ក្រុងសិរីសោភ័ណ។
លោក គឹម ឆ្យ៉ងហូល និងលោក គឹម យ៉ុងអ៊ុក បានមានប្រសាសន៍ថា ដោយមានទឹកចិត្តអាណិតស្រឡាញ់ចំពោះប្រជាជនកូរ៉េ និងប្រជាជនកម្ពុជានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ៣០ រូបនេះបានលះបង់ពេលវេលានិងទទួលពិនិត្យព្យាបាល ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ លើជំនាញវេជ្ជសាស្ត្រផ្ទៃក្នុង រោគលើស្បែក វេជ្ជសាស្ត្រគ្រួសារ កុមារចិត្តសាស្ត្រ ឆ្អឹង ភ្នែក ធ្មេញនិងរោគស្ត្រីជាដើម ហើយនេះគឺជាលើកទី២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកពិនិត្យព្យាបាល នៅក្នុងខេត្តបន្ទាយមានជ័យ គោលបំណងគឺដើម្បីលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា លើវិស័យសុខភាព ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌នេះ នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជានិងកូរ៉េខាងត្បូង។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សន្ដានចិត្តអាណិតស្រឡាញ់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងអង្គការ ហាឆាន់ ខាំ ដែលតែងតែបានជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងការពិនិត្យព្យាបាលទាំងវិស័យអប់រំ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា សកម្មភាពមនុស្សធម៌ទាំងនេះគឺពិតជាបាននិងជួយជ្រោមជ្រែង លើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ៕