ក្មេងទំនើង ៥នាក់ ដែលតែងតែបង្កហិង្សា បង្កអសន្តិសុខដល់សង្គម ត្រូវកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ ដោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រោយពីមានសកម្មភាពក្មេងទំនើងបង្កហិង្សា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរជអាវុធហត្ថក្រុង បានដឹកនាំកងកម្លាំង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើង បានជាបន្តបន្ទាប់សរុបចំនួន៥នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់រួមមាន៖
១.ឈ្មោះ វណ្ណ វិសាល (ហៅយ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
៥.ឈ្មោះ ធូ សំណាង(ដែន) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម មានគ្នាប្រហែល១២នាក់ បានធ្វើសកម្មភាពដេញវៃ និងយកដុំថ្ម មួកសុវត្ថភាព គប់គ្នាទៅវិញទៅមកបង្កភាពអណាធិបតេយ្យ និងបង្កអសន្តិសុខនៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងមូលដ្ឋានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន០៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ។ ក្នុងចំណោមក្មេងទំនើងទាំង៥នាក់ កម្លាំងកងរាជអាវុធហត្ថបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញមានចំនួន០៤នាក់ផងដែរ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ក្មេងទំនើងទាំង០៥នាក់ ខាងលើបានឆ្លើយបដិសេដថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហានោះទេ គឺក្រុមOMB អូរអំបិល ជាអ្នកបង្កហិង្សា។ តែក្មេងទំនើងខាងលើបានទទួលស្គាល់ថា កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន) រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ សម្តេចឪ ពិតជាបានមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្ករបញ្ហា ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជន ក្មេងទំនើង ទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នាចុងសប្តាហ៍នេះ ដើម្បីចាត់ការតាមនីតិវិធី ៕