រាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានចុះប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខរោងកុនចាស់ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយដកហូតបាននូវវត្ថុតាងមួយចំនួនរួមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,១៣ក្រាម, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង។
លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់
១–ឈ្មោះ ឆោម សុធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្ននៅភូមិអូតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី (ជួញដូរ និងប្រើប្រាស់)។
២–ឈ្មោះ សំរ៉ង់ ចាន់រិទ្ធ ហៅខ្មូត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី បច្ចុប្បន្ននៅភូមិអន្លង់មានទ្រព្យ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី (ប្រើប្រាស់)។
៣–ឈ្មោះ សុខា លីម៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ប្រើប្រាស់)។
លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បន្តថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតតាមមូលដ្ឋាន លុះដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ០១គ្រឿង គួរឱ្យសង្ស័យ កម្លាំងក៏បានសួរនាំ ស្រាប់តែពេលនោះ ឈ្មោះ ឆោម សុធារ៉ា ដែលជាអ្នកបើកម៉ូតូ បានឃើញកម្លាំងក៏មានការភិតភ័យ ក៏បានបោះគ្រឿងញៀន ចោលទៅលើផ្លូវក្បែរម៉ូតូ ។ ដោយឃើញបែបនេះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដើម្បីចាត់ការតាមនីតិវិធី ។ក្រោយពីស្តាប់ចម្លើយសារភាពបឋម និងដោយមានការសហការពីជនសង្ស័យ កម្លាំមូលដ្ឋានកងរាអវុធហត្ថស្រុក ក៏បានបើកប្រតិបត្តិការ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី៕