លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយកថវិកាចំនួន៩លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ម៉ក់ វីដាដ នាយរងផ្នែកភស្តុភារ
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជានិងថវិកាចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សរុបចំនួន៩លានរៀលទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ម៉ក់ វីដាដអត្តលេខ ៩២៥៤៤ នាយរងផ្នែកភស្តុភារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទីព្រឹក ដោយជំងឺដាច់សរសៃរឈាមខួរក្បាល ។សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រៃព្រិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលការងារធនធានមនុស្សបានពាំនាំការផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងខ្លួនលោកផ្ទាល់ចូលរួមមរណទុក្ខនិងចូលរួមសោក ស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបាត់បង់កូន ប្តី ឪពុក ជាទីស្រឡាញ់ ។ស្នងការដ្ឋាននគរបាលខេត្តនិយាយជារួមនិងនិយាយដោយឡែកអង្គភាពវរសេនាតូចនគរបាលការពារំព្រំដែនគោកលេខ៩១១ បាត់បង់មន្ត្រីនគរបាល០១រូបដែលធ្លាប់មានស្នាដៃល្អក្នុងការបំពេញភារកិច្ចការ ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា៖ថវិកាចំនួន៩លានរៀលដែលយកមកប្រគល់នាពេលនេះ គឺថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០រៀល(ប្រាំមួយលានរៀលគត់)ដែលផ្តួចផ្តើមបង្កើតសមាគមមិត្តនគរបាលជាតិនេះឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមក្នុងនោះមន្ត្រីនគរបាលជាតិជាសមាជិកចំនួន៦.០០០.០០ រៀល ចំពោះប្តីឬប្រពន្ធរបស់សមាជិកមរណភាពទទួលបានថវិកាចំនួន២.០០០.០០០រៀល និងថវិកាចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន៣.០០០.០០០រៀល(បីលានរៀលគត់) ។
ជាមួយនោះដែរ លោកម៉ក់ ពីតូ ត្រូវជាឪពុកតំណាងឲ្យក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ដែលបានចាត់តំណាងនាំយកថវិការបស់សមាគមមិត្តនរបាលជាតិកម្ពុជានិងថវិកាចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត មកប្រគល់ដល់គ្រួសារសពកូនប្រុសរបស់លោកដើម្បីចំណាយក្នុងកម្មវិធីបុណ្យនេះ៕