កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមដើមបណ្តឹងឈ្មោះ ថា សេងហុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ី វិនទីន (ហៅង៉ា) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាក់លេខ ភ្នំពេញ 1BC-8221 ទៅម្ដុំការ៉ាស់សាំងផ្សារកណ្តាល ក៏បានជួបជនសង្ស័យ ដែលទើបតែស្គាល់គ្នា ហើយជនសង្ស័យបានមកសុំខ្ចីម៉ូតូរបស់ខ្លួន ថា១០នាទីនឹងយកមកឱ្យវិញ ស្រាប់តែជនសង្ស័យយកទៅបាត់មិនឃើញមកវិញ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅខេត្តបាត់ដំបង ។ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង នៅចំណុចខាងលិចរង្វង់មូលលោកតារែកក្រូច ស្ថិតក្នុងភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយយកទៅដាក់បញ្ចាំ។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកម៉ូតូ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានប្រគល់ជូនជនរងគ្រោះវិញហើយ៕