សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្ររងគ្រោះប៉ះទឹកជំនន់ក្នុងឃុំឫស្សីក្រោក ចំនួន២០គ្រួសារ ឃុំរហាត់ទឹកចំនួន៤០គ្រួសារ នៅឃុំភ្នំតូចចំនួន ៤០គ្រួសារក្នុងស្រុកមង្គលបូរី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករដប់១៥គីឡូក្រាម មីជាតិយើងមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ។ នៅក្នុងពិធីចុះចែកអំណោយមនុស្សធម៌នេះផងដែរក៏មានការអញ្ជើញចូលរួមដោយលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខា លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសាខា និងលោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសាសន៍ថា ការផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហម ក្នុងឱកាសនេះគឺបានមកពីការចូលរួមបរិច្ចាគ ទ្រព្យធនផ្ទាល់ខ្លួនពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជនព្រះសង្ឃកងកម្លាំង ប្រដាប់អាវុធមន្ត្រីរាជការ ដើម្បីធ្វើការកៀងគរមូនិធិតាមរយៈកាកបាទក្រហម ដើម្បីផ្គត់ផ្គង់ត្រៀមបង្ការសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដូចអ្វីដែលយើង បានឃេីញស្រាប់បងប្អូនពុកម៉ែប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលអំណោយតិចតួចនេះ ពុំអាច ផ្គត់ផ្គង់បានយូរនោះទេ នេះជាទឹកចិត្តខ្មែរជួយខ្មែរនិងជាការជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈពេលខ្លីផងដែរ។
លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជាគឺជា ស្ថាប័នមនុស្សធម៌ធំជាងគេ ពេលដែលពុកម៉ែបងប្អូនជួបនូវការលំបាកទីទាល់ក្ររងគ្រោះមហន្តរាយធម្មជាតិផ្សេងផ្សេងគឺតែងតែមានកាកបាទក្រហមផ្ដល់អំណោយភ្លាមៗ ដោយមិនទុកនរណាម្នាក់ចោល ឬស្លាប់ដោយអត់អាហារនោះឡើយ ជាងនេះទៀតសោតក៏មានការផ្តល់នូវអំណោយមនុស្សធម៌របស់កាកបាទក្រហម ដោយយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។ចុងក្រោយលោកជំទាវក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនឬក៏អាណាព្យាបាលសុំឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗតូចៗដែលសប្បាយនឹងការលេងទឹកព្រោះថា និងទឹកជំនន់ឆ្នាំ២០២៣នេះ មានក្មេងៗជាច្រើនបានបាត់បង់ជីវិតហើយសូមបងប្អូននៅពេលទឹកស្រក សូមឲ្យបងប្អូនសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ និងត្រូវប្រុងប្រយ័ត្ននូវសត្វអាសិរពិសផ្សេងៗផងដែរ៕