ខូចចិត្ត ព្រោះជំពាក់លុយគេ គិតខ្លីចង.ក ធ្វើអត្តឃាតខ្លួនឯង
ខេត្តបន្ទាយមានជ័យ៖ព្រោះតែជំពាក់បំណុលគេច្រើពេក គ្មានដំណោះស្រាយបានធ្វើឲ្យស្ត្រីវ័យ៦៨ឆ្នាំម្នាក់ គិតខ្លីសម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង នឹងខ្សែអង្រឹងភ្ជាប់ផ្ទូងដំបូលបង្គន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងនៅភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាខាងលើមានប្រជាពលរដ្ឋឈ្មោះសុខ ផាន អាយុ៦៦ឆ្នាំ ត្រូវជាប្តីរបស់សពឈ្មោះ ឡោន ណូន អាយុ ៦៨ឆ្នាំ បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលបត់ត្រង់ថា «កូនស្រីគាត់ឈ្មោះ សុខ ភា អាយុ ៣៨ឆ្នាំ បានមកហៅនៅកន្លែងធ្វើការសំណង់ ចំងាយពីផ្ទះ១០០ម៉ែត្រថា បាត់ម៉ែមិនឃើញនៅផ្ទះទេ ពេលនោះខ្លួនបានជិះម៉ូតូមកផ្ទះវិញ ដើររកប្រពន្ធ ស្រាប់តែឃើញបន្ទប់ទឹកបិទទ្វារ ក៏ស្រែកហៅប្រពន្ធ តែមិនលឺឆ្លើយតប ក៏គាស់ទ្វារចូល ក៏ស្រាប់តែឃើញប្រពន្ធខ្លួនចង.ក នឹងខ្សែអង្រឹងភ្ជាប់ផ្ទូងដំបូលបង្គន់សម្លាប់ខ្លួនស្លាប់បាត់ហើយ»។
តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន ត្រូវជាប្ដីរបស់សាកសព បានឲ្យដឹងដែរថា ប្រពន្ធរបស់ខ្លួនកើតទុក្ខ ខូចចិត្តនិងជំពាក់លុយគេច្រើន ទើបគិតខ្លីបែបនេះ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍បានចុះពិនិត្យ ឃើញថា ផ្នែកអាវៈយវៈ ផ្នែកក្បាល និងផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្ម និងឃាតកម្មឡើយ (មានតែស្នាមខ្សែរឹតចំណុចក)តែប៉ុណ្ណោះ។ដោយផ្អែកទៅតាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសព ពិនិត្យឃើញថា សពឈ្មោះ ឡោន ណូន ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។ រួចប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅផ្ទះតាមប្រពៃណី៕