លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ទិសស្លោករបស់ក្រសួងអប់រំ «អ្នកចេះគឺជាប់» ក្នុងឱកាសបើកវិញ្ញាសារ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ក្នុងឱកាសបើកវិញ្ញាសារមានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កែ សួនសុភាព ប្រធានសហភាព សហព័ន្ធយុវជនខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ្ឌ និងមន្ត្រីACU។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣នេះខេត្តបន្ទាយមានជ័យ មានបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ ស្រី៣,៣៧៧នាក់ ក្នុងនោះចំណេះទូទៅចំនួន៥,០៨៤នាក់ស្រី២,៩០០នាក់ ស្វ័យរិនមានចំនួន៧៩៥នាក់ ស្រី៤១៣នាក់ បំពេញវិជ្ជាមានចំនួន២៨៩នាក់ស្រី៦៤នាក់ ដែលមានមណ្ឌលប្រឡងចំនួន៨កន្លែងមានចំនួន២៣៣បន្ទប់។
លោក បានបញ្ជាក់ថា៖បើប្រៀបធៀបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២២នេះខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនក្នុងបញ្ជីមានចំនួន៥,៧៦០នាក់ ស្រី៣,១៥៨នាក់ អវត្តមានចំនួន១២៦នាក់ ដែលមានមណ្ឌលប្រឡងចំនួន៧កន្លែងនៅក្រុងសិរីសោភ័ណ។
ក្នុងឱកាសបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ បេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ បើប្រៀបធៀបឆ្នាំ២០២២នមានចំនួន ៥,៧៦០នាក់ មានការកើនឡើងចំនួន៤០៨នាក់ស្រី២១៩នាក់ ។
លោក បានថ្លែងអំណគុណចំពោះគណៈមេប្រយោគនិងមន្ត្រី ACUហើយ ផ្តាំផ្ញើដល់បេក្ខជននិងបេក្ខនារីត្រូវខិតយកចិត្តទុកដាក់ក្នុងការប្រឡងទទួលបានជោគជ័យនិងជាប់អោយបានគ្រប់ៗគ្នា៕