ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់អាជ្ញាធរក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត រហូតដល់មេឃុំ ចៅសង្កាត់ និងកម្លាំងឈរជើងតាមព្រំដែន ពង្រឹងស្មារតីទទួលខុសត្រូវ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ពីវេទិកាអធិបតី នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ប្រារព្ធនៅសាលមហោស្របកោះពេជ្រ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរ/អង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជា ៖ ពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវា សមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។គិតចាប់ពីខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ។ ក្នុងនោះក្រុមប្រតិបត្តិការ បានធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១.២១៣ករណី គឺប្រមាណ ៩៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នានោះ សមត្ថកិច្ចបានស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន ៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មានបួន សញ្ជាតិ)។ ក្នុងករណីជួញដូរមនុស្ស បញ្ជូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៥ទីតាំង និងបើកការស៊ើបអង្កេតករណីសម្អាតប្រាក់ សរុប ១០ករណី។ មនុស្សមួយចំនួនធំ ដែលត្រូវបានរកឃើញក្នុងប្រតិបត្តិការនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមកសម្ងំលាក់ខ្លួនធ្វើការដោយគ្មានការអនុញ្ញាតតាមច្បាប់ការងារកម្ពុជា ដែលចាំបាច់ត្រូវអនុវត្តយ៉ាងតឹងរឹង តាមនីតិវិធីច្បាប់កម្ពុជា។ ទន្ទឹមនឹងការអំពាវទៅកាន់មន្ត្រីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាន និងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានឹងនៅតែបន្តកិច្ចសហការឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ចតាមគ្រប់រូបភាព៕