មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំនាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ មេបញ្ជាការកងអនុសេនាធំ កងអនុសេនាតូច ចំណុះវរសេនាតូច ព្រមទាំងនាយទាហានវ័យក្មេងចំណុះកងពលផងដែរ។
ក្នុងនោះលោកមេបញ្ជាការរង នាយសេនាធិការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ក៏បានដាក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព៕