ស៊ុតមាន់ជាង៦ម៉ឺនគ្រាប់ ដែលឈ្មួញលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យគ្មានច្បាប់ ត្រូវបានពេទ្យសត្វ ចុះបង្ក្រាប
(បន្ទាយមានជ័យ)៖កម្លាំងជំនាញពេទ្យសត្វ បានចុះបង្ក្រាបរថយន្តក្រុង លួចដឹកបង្កប់ស៊ុតមាន់ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់ ដែលគ្នានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ១រសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ បានចុះដល់ចំណុចខាងលើកាក់រថយន្តក្រុង ១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រភេរថយន្តក្រុង ក្រោយពីក្រុមការងារពិនិត្យក្នុងខ្លប់រថយន្តខាងក្រោមបានរកឃើញស៊ុតម៉ាន់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់ ដែលដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ។
មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះ ក្រោយពីទទួលបានព័ត៌មានពីភ្នាក់សម្ងាត់ រាយការណ៍មកថា មានរថយន្តខាងលើលួចដឹកបង្កប់ស៊ុតមាន់ ចំណែកតៃកុងរថយន្តវិញបាននិយាយថា គាត់ ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីម្តុំស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ប៉ុន្តែខ្លួនប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទងតែអ្នកហៅមកដឹកប៉ុណ្ណោះ ។
ក្រោយពីពិនិត្យសួនាំហើយបាននាំយកវត្ថុតាងល្មើសនិងមធ្យោបាយខាងលើ ទៅកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះអត់មានឯកសារត្រឹមត្រូវ និងអត់មានប្រភពដឹកចេញពីកន្លែងណាមក៕