សាច់មាន់ខូចគុណភាពជាង ៣តោន ដែលឈ្មួញនាំចេញពីប្រទេសជិតខាង ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបរួចយកទៅដុតកំទិចចោល
បន្ទាយមានជ័យ៖កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ,មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានចុះបង្ក្រាប និងដកហូតទំនិញខូចគុណភាពមាន សាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់ សរុបចំនួន៣,១០០គីឡូក្រាម នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលឈ្មួញនាំចូលពីប្រទេសជិតខាង។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយសមត្ថកិច្ចចម្រុះដកហូតទំនិញខូចគុណភាពដែលជាផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តប់ទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់និងទំនិញមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដើម្បីសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ហើយសាច់មានជាង៣តោន ត្រូវបានដុតកុះទិចចោលជាយក្រុងសិរីសោភ័ណ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសសើរចំពោះសមត្តកិច្ចចម្រុះដែលបានបង្ក្រាបទំនិញខូចគុណភាពមានសាច់មាន់ជាង៣តោន ត្រូវបានដុតកំទិចចោល ហើយត្រូវពង្រឹងការទប់ស្កាត់អោយខានតែបាន ចំពោះទំនិញខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងដែលធ្វើប៉ៈពាល់សុខភាពប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីយ៍ជាតិឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏មានការកោតសសើរផងដែរនៅពេលឃើញមន្ត្រីជំនាញបាននាំយកទំនិញខូចគុណភាពមកដុតចោលយ៉ាងសន្ធឹកសន្ធាប់រហូតជាង៣តោន គឺមិនតិចទេដែលឈ្មួញលួចនាំចូលមកលក់ចែកចាយតាមបណ្តាស្រុក/ក្រុងក្នុងខេត្ត ពួកគាត់សង្ឃឹមថាការអនុវត្តន៍នឹងដូចភ្លៀងរលឹម៕