សម្ភោធសមិទ្ធផលនានា ក្នុងវត្ត រតនៈសាមគ្គីចារថ្មី ឃុំគោកបល្ល័ង ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ដោយកម្លាំងមហាសាមគ្គី របស់ប្រជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានធ្វើឲ្យសមិទ្ធផលនានា ក្នុងវត្តរតនៈសាមគ្គីចារថ្មី បានផ្ដើមកសាងឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ហើយសមិទ្ធផលដែលបានកកើតឡើងនេះត្រូវបានរៀបចំធ្វើពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងអាស្រមរតនៈសាមគ្គីចារថ្មី ស្ថិតនៅក្នុងឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
បើតាមរបាយការណ៍សង្ខេបរបស់លោក ម៉ៅ សំអុន ដែលជាមេឃុំ បល្ល័ង្កបានឲ្យដឹងថា យោងតាមការចាំបាច់និងប្រជាពុទ្ធបរិស័ទច្រើននៅតំបន់នោះ និងដោយមើលឃើញពីកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋក៏បានផ្ដួចផ្ដើមគំនិតស្នើសុំច្បាប់បង្កើតជាអាស្រមបណ្ដោះអាសន្នដែលមានទំហំដី ១១ ៧២៩ម៉ែត្រការ៉េ យោងតាមលិខិតលេខ ២៧៤/២៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងបានដាក់ពាក្យស្នើសុំនៅក្រសួងធម្មការនិងសាសនា ប្រែក្លាយពីអាស្រមរតនៈសាមគ្គីចារថ្មីទៅជាវត្តនាថ្ងៃអនាគត លោកមេឃុំបានបន្តថា រាល់សមិទ្ធផលទាំងអស់ ដែលបានកកើតឡើង ត្រូវបានដាក់សម្ពោធឆ្លងដែលពេលនេះ បានចំណាយថវិកាគិតជាលុយខ្មែរអស់ចំនួន ២៦៣ ៧០៣ រៀលនិងប្រាក់បាតថៃចំនួន១ ៥៧១ ២៩៥ ប្រាក់ដុល្លារចំនួន ៣៧៥១០។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រនាពេលនេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ទន្ទឹមនឹងការរីកចម្រើនតម្រូវការការងារជាច្រើនត្រូវអនុវត្តបន្តដោះស្រាយចំពោះមុខផងដែរដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនាជាមាគ៌ាផ្លូវដ៏ប្រសើរសម្រាប់អប់រំចរិយាធម៌សង្គមដើម្បីប្រែក្លាយព្រះធម៌ជាដំបូងមានជួយអប់រំកូនចៅឲ្យប្រតិបត្តិអំពើល្អ តែជាការរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណធម៌ចរិយាធម៌ដល់សង្គមជាតិ។បញ្ចប់នៃកម្មវិធីឯកឧត្តមអភិបាលខេត្តបានប្រគល់ ថវិកាចំនួន ២លានរៀលដល់កម្មវិធីបុណ្យ ចែកជូនប្រជាពលរដ្ឋដែលចូលរួមម្នាក់ៗទទួលបាននូវសារុង១ យាយជីតាជីម្នាក់ៗទទួលបានថវិកាចំនួន ៥០០០រៀល ប្រជាពលរដ្ឋដែលជួបនូវការលំបាកចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងសារុងម្នាក់១ផងដែរ៕