អភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនកម្មករ កម្មការនី ដួលសន្លប់ក្នុងរោងចក្រដេរកាបូបហាធ័រ
ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអភិបាលខេត្តតាកែវ អមដំណើរដោយនាយកប្រតិបត្តិសាខា លោក លោកស្រី សមាជិក សមាជិការសាខា អភិបាលស្រុកត្រាំកក់ មន្រ្តីសាខា អនុសាខា ព្រមទាំងកងកម្លាំងទាំងបី នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាមានទឹកគោឆៅមួយឡូតិ៍ និងថវិកាមួយចំនួនផងដែរ ផ្ដល់ជូនកម្មករ កម្មការនី ដែលដួលសន្លប់ក្នុងរោងចក្រដេរកាបូប ហាធ័រ ចំនួន៦៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បង្អែកអង្គរការ ៣៨នាក់ មណ្ឌលសុខភាពព្រៃជួរ ០៧នាក់ មន្ទីរពេទ្យបាំង្គសី ជា សុខលីម ១០នាក់ និង មណ្ឌល សុខភាពអង្គតាសោម ១១នាក់។
នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនកម្មករ កម្មារនីដោយក្តីនឹករលឹក និងសូមជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ដើម្បីឆាប់វិលត្រឡប់ទៅធ្វើការងារជាធម្មតា ជាពិសេស ក៏ត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អផងដែរ តាមរយៈការហាត់ប្រាណ និងហូបចំណីអាហារឱ្យបាន គ្រប់គ្រាន់។
ជាងនេះទៅទៀតឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមទៅដល់ក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់តាមដាន ពិនិត្យសុខភាពរបស់ពួកគាត់ឱ្យបានញឹកញាប់ ធ្វើយ៉ាងណាឱ្យពួកគាត់ឆាប់មានកម្លាំង និងមានអារម្មណ៍ល្អធម្មតាវិញ៕ដោយៈលោក ផូង បញ្ញា