ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន៨២ខ្នង នៅស្រុកស្វាយចេក ទទួលបានការឧបត្ថម្ភស័ង្កសីពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ ស្នងការរង អភិបាលស្រុកស្វាយចេក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ចំនួន៦៧នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង១៨ និង៣០នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះការខូចខាតធ្ងន់ និងស្រាល សរុបចំនួន ៨២ខ្នង មិនបណ្តាលឲ្យប្រជាពលរដ្ឋរងបួសនោះទេ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត អភិបាលស្រុក ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕