សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ គ.ខ.ប ខេត្តបន្ទាយមានជ័យ បានរៀបចំបើកសន្និបាទបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។សន្និបាតនេះធ្វើឡើងនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីរឯកឧត្តម ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ង់ សក្កិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងលោក លោកស្រី រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន.អនុប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្ត ក្រុង ស្រុក ទាំង៩ ក្នុងបន្ទាយមានជ័យ។
ក្នុងពិធីបើកសន្និបាទនោះលោក យ៉ង់សក្តិ បានមានប្រសាសន៍ថា ការងារបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺដំណើរការមានដំណាក់កាលជាជំហានៗ តាមប្រតិទិនកំណត់ ជាពិសេសដំណើរការឃោសនាបោះឆ្នោត ការរៀបចំបញ្ជី ឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ការទទួលអ្នកសង្កេតការបោះឆ្នោត ការចែកប័ណ្ណ ព័ត៌មានការ បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានបរិយាកាសល្អប្រសើរ គណបក្សនយោបាយ តាមការសម្រេចចិត្ត និងឆន្ទៈរៀងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំ។
លោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ដែលបានចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោតបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌នានាសម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរក្នុងនាមប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ធ្វើឱ្យការងារបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ហើយដំណើរការបោះឆ្នោតទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យក្រោមបរិយាកាសសន្តិភាព សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងប្រសើរ។
លោក យឹម សំណាង ក៏បានសំណូមពរ ដល់គ្រប់គណបក្សនយោបាយ ទាំងអស់ ពេលខាងនេះនឹង ត្រូវប្រកាសចូលកាន់តំណែងធ្វើយ៉ាងណាត្រូវខិតខំបំរើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍៕