លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨
(ប្រទេសថៃ)៖នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ–កម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន នៃអង្គប្រជុំរួម ។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ–កម្ពុជា លើកទី២៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសម្រេច ក្រោមអធិបតីភាព សហប្រធានកម្ពុជា–ថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ ៕