វេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤
(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៃអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនាទី៩ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្ដម ប្លែក វ៉ារី បានមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាពេលនេះ គឺជាការផ្តល់នូវឱកាសសម្រាប់គ្រប់តួអង្គ ដែលពាក់ព័ន្ធក្នុងការពិភាក្សាប្រកបដោយតម្លាភាព ទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណៈជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាពនិងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីបង្ហាញការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលក្នុងឱកាសចូលរួមបញ្ចេញមតិលើកឡើងពីសំណួរសំណូមពរបញ្ហាប្រឈមនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះដើម្បីរួមគ្នាដោះស្រាយនិងឆ្លើយតបតាមគោលការណ៍ច្បាប់ តាមសភាពការណ៍ជាក់ស្តែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយសីលធម៌និងគុណធម៌ខ្ពស់ ។ នៅក្នុងអង្គវេទិកាពិគ្រោះយោបល់ពីថ្ងៃនេះផងដែរអស់លោក លោកស្រីដែលបានធ្វើការលើកឡើងពីបញ្ហាកង្វល់ប្រឈមនូវសំណូមពរមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់។ ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី និងមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងនិងដោះស្រាយបានភ្លាមភ្លាមនិងបញ្ហា សល់នឹងយកទៅពិភាក្សានៅពេលក្រោយ ។ ជាចុងក្រោយ ឯកឧត្ដម ប្លែក វ៉ារី បានធ្វើការលើកឡើងផងដែរថាពិតមែនតែអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះថ្ងៃនេះ នៅមានសេសសល់បញ្ហាប្រឈម ឬក៏សំណួរនិងសំណូមពរមួយចំនួនដែលពុំទាន់បានលើកឬក៏ជួបប្រទះនាពេលខាងមុខប្រជាពលរដ្ឋយើងក្ដី សង្គមស៊ីវិលក្ដី មានពេលវេលា គ្រប់គ្រាន់នឹងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលស្រុកក្រុងឃុំសង្កាត់ ដែលនៅជិតលោកអ្នក ប្រជាពលរដ្ឋស្រាប់ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តរិះរកវិធានការឆ្លើយតបនិងដោះស្រាយ៕