ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤
(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការ (IOM) បានរៀបចំទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក យឹម សំណាង អភិបាលរងខេត្ត និងគណៈប្រតិភូមកពីក្រសួង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ស.ស.យ.ក ក្រុង-ស្រុក និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក យឹម សំណាង អភិបាលរង ខេត្ត បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមានសក្កានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ព្រោះថានៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ យើងមានច្រកទ្វារអន្តរជាតិចំនួន៤ គឺទី១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារម៉ាឡៃ ច្រកទ្វារស្ទឹងបត់ និងច្រកទ្វារបឹងត្រកួន ហើយក្នុងខេត្តបន្ទាយមានជ័យផងដែរក៏មានរោងចក្រតូចធំជាច្រើនកន្លែង។
ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិឆ្នាំ ២០២៤ នៅខេត្តបន្ទាយមានជ័យ មានគោលបំណងគោរពដល់ ការរួមចំណែកយ៉ាងសំខាន់របស់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងការអភិវឌ្ឍទៅក្នុងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងសារៈសំខាន់នៃការជ្រើសរើសប្រកបដោយក្រមសីលធម៌ និងការងារ សមរម្យ។ តាមរយៈការប្រមូលផ្តុំអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិ ព្រឹត្តិការណ៍នេះនឹងពង្រឹង កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងលើកកម្ពស់សេវាកម្មសម្រាប់ពល ករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញ នឹងផ្តល់ភាពអង់អាចដល់ពលករទេសន្តរប្រវេសន៍ និងក្រុមគ្រួសារ របស់ពួកគេជាមួយនឹងព័ត៌មានសំខាន់ៗអំពីច្រកទេសន្តរប្រវេសន៍ទៀងទាត់ និងឱកាសសម្រាប់ការអភិវឌ្ឍជំនាញ។ ព្រឹត្តិការណ៍នេះនឹងជំរុញឱ្យមានការចូលរួមក្នុងសហគមន៍ សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមករវាងពលករ ទេសន្តរប្រវេសន៍ និងសហគមន៍អោយទូលំទូលាយ៕