រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាជាតិ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
(ប៉ៃលិន)៖ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តប៉ៃលិន នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានប្រារព្ធទិវាជាតិ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) ក្រោមអធិបតីភាពឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
ពិធីនេះបានបា្ររព្ធធ្វើឡើង នៅបរិវេណវត្តរតនសោភ័ណ្ឌ ហៅវត្តកោងកាង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន សសយក យ៉ាងច្រើនកុះករផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត អានសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥–៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។
គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕