វិវាទដីធ្លីរវាងលោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ ក្រៅប្រព័ន្ធតុលាការ
(កណ្តាល)៖បញ្ហាវិវាទដីធ្លីរវាងភាគីលោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ ឈប់ប្ដឹងផ្ដល់ ក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភោជនីយដ្ឋានផ្ទះទឹក មាត់ទន្លេ ស្ថិតនៅក្នុងភូមិអញ្ជែង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោកឧត្ដមសេនីយ៍ឯក សៅ វាសនា នាយនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយភាគីទាំងពីរបានជួបគ្នា ដើម្បីដោះស្រាយគ្នា និងយល់ព្រមធ្វើលិខិតសះជាបញ្ចប់វិវាទក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ មិនថានៅទីណាកន្លែងណាក៏ដោយឱ្យតែយើងមានដំណោះស្រាយល្អ និងគ្នាតាមហេតុផលទទួលយកបាន។
ក្នុងករណីជួបជុំដើម្បីដោះស្រាយធ្វើលិខិតសះជាបញ្ចប់វិវាទនេះ ភាគីរបស់លោក ផេង វណ្ណា យល់ព្រមដកពាក្យបណ្ដឹង និងបញ្ចប់នូវនីតិវិធីប្តឹងផ្សេងៗ ពីគ្រប់ស្ថាប័នទាំងអស់ ចំណែកលោក អ៊ុក រដ្ឋា វិញយល់ព្រមសុំទោសជាសាធារណៈ នូវការផ្ដល់ព័ត៌មាន ទៅអ្នកសារព័ត៌មាន ដែលធ្វើឲ្យមានការយល់ច្រឡំ និងមានលក្ខខណ្ឌមួយចំនួនទៀត ដែលភាគីទាំង២ ត្រូវបំពេញឲ្យគ្នាទៅវិញ ទៅមក ដើម្បីស្នាមញញឹម រស់ក្រោមដំបូលសន្តិភាពតែមួយ។ក្រោយពីបញ្ជប់ភាគីទាំងពីរ នឹងបំពេញកាតព្វកិច្ច ដែលបានធ្វើជាមួយគ្នាក្នុងលិខិតសះជា និង បន្តរាប់អានគ្នាដោយស្នាមញញឹមផងដែរ៕