សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រ ចំនួន ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ ទាំង១០ក្នុងក្រុងបាត់ដំបង។ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តទួលដូនប៉ុក សង្កាត់អូរចារ ក្រុងបាត់ដំបង។
ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើងផងដែរ ៕