អង្គការមូលនិធិនៃក្តីសង្ឃឹម ផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សាចំនួន៩៣នាក់ នៅស្រុកស្វាយអន្ទរ
(ព្រៃវែង)៖ដើម្បីជម្រុញអោយកុមារបានបន្តការសិក្សានោះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សា ចំនួន៩៣ ស្រី៥៩នាក់ ដែលមកពីឃុំចំនួន ៩ឃុំ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រធានក្រុមការងារ ឃុំដំរីពួន តំណាង ឯកឧត្ដម សៀង សេន ប្រធានក្រុមការងារឃុំដំរីពួន ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។
នាឱកាសនោះលោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្ការមូលនិធិនៃក្តីសង្ឃឹម បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះ បានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹម ជួយនេះគឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែ។
ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។
លោក អភិបាលស្រុក បានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ព្រមទាំងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ខែម្ដងផងដែរ។ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ៕