សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគេនចង្ហាន់និងទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ស្ដេចម៉ែគម្រប់ ៨៦ យាងចូល៨៧ព្រះវស្សា
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីថ្វាយព្រះសព្ទ សាធុសាពរចំពោះ សម្ដេចព្រះមហាក្សត្រី នរោត្តមមុនី នាថសីហនុ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ដែលចំនាថ្ងៃ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃមង្គលថ្លៃថ្លា ដោយពិធីដ៏វិសេសវិសាលនេះប្រារព្ធធ្វើនៅវត្ត ឧត្តមបរមនិវាសម្កាក់ នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីថ្វាយពរជ័យ សិរីមង្គលថ្លៃថ្លា ជូនចំពោះព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារថា នាងឱកាសដ៏មង្គលថ្លៃថ្លាក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា នាពេលខាងមុខនេះទូលព្រះបង្គយើងខ្ញុំទាំងអស់គ្នា ជាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុមកាកបាទក្រហមឃុំសង្កាត់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តជារៀងដ៏រាបតទៅ។ ព្រះមហាករុណាទិគុណ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលព្រះអង្គទ្រង់បានលះបង់ព្រះកាយ ពលមិនគិតការនឿយហត់ក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ទ្រង់គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុង្គឧត្តមនាឆ្នាំនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុសក្ដិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ចុងក្រោយគណៈអធិបតីបានចែកជូននូវអំណោយដល់ តាជី យាយជី ២២នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ ក្រមា ១ អាវយឺត ២ ថវិកាមួយចំនួន លោកតាលោកយាយចូលរួម សារុង១ ថវិកាមួយចំនួនផងដែរ៕