មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ធ្វើពិធីបញ្ចុះបឋមសិលា កសាងមហាកុដិវត្ត អណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ
(បន្ទាយមានជ័យ):នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានរៀបចំពិធីបញ្ចុះបឋមសិលាកសាងមហាកុដិនៅវត្ត ពោធិសុវណ្ណ សិលារាមហៅវត្ត”អណ្ដូងថ្មមាស”ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះព្រះគ្រូចៅអធិការវត្តអណ្ដូងថ្មមាស ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ការកសាងនូវមហាកុដិនេះឡើងអាស្រ័យដោយកម្លាំងមហាសាមគ្គីពីសំណាក់ប្រជាពុទ្ធបរិស័ទ មានជាសទ្ធាជ្រះថ្លាព្រមទាំងសម្ភារៈសំណង់មួយចំនួន ដើម្បីកសាងកុដិសម្រាប់ព្រះសង្ឃគង់និងខាងក្រោមកុដិអាចដាក់ជាសាលាពុទ្ធិកសិក្សា សម្រាប់ព្រះសង្ឃបានរៀនសូត្រ។ក្នុងនាមព្រះគ្រូចៅអធិការវត្តក៏សូមថ្លែងនូវអំណរគុណចំពោះញាតិញោម សប្បុរសជនជិតឆ្ងាយបានចំណាយទ្រព្យធនផ្ទាល់ខ្លួន និងជាផ្នែកមួយក្នុងការចូលរួមចំណែក ដល់ការទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានគង់វង្ស រុងរឿង ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា ជាទូទៅព្រះសង្ឃបួសគឺត្រូវរៀនសូត្រ ដើម្បីបានចំណេះដឹងបម្រើខ្លួនឯងផងនិងបម្រើប្រទេសជាតិផង។ជាការពិតណាស់វត្តអារាមមិនគ្រាន់តែជាទីស្ថាន សម្រាប់គោរពនិងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងប្រភពសម្រាប់បណ្ដុះបណ្ដាលនៅបញ្ញាវ័ន បណ្ដុះបណ្ដាលបញ្ញាញាណ ឬក៏ជាស្នាលបណ្ដុះនូវគ្រាប់ពូជបញ្ញាវ័ន សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្ដែងយើងសង្កេតឃើញសាលារៀនមានទីតាំងនៅក្បែរវត្ត។ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើដល់ព្រះថេរានុថេរៈ សមណសិស្សគ្រប់ព្រះអង្គត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការស្វាធ្យាយរៀនសូត្រព្រះធម៌ព្រះវិន័យ ដើម្បីប្រតិបត្តិឲ្យសមជាស្រែបុណ្យ ខិតខំពង្រឹងពង្រីកពុះពាររៀនពីសាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកវិទ្យាល័យឯងឧត្តមសិក្សាឱ្យមានគុណភាព។
គួរបញ្ជាក់ថាពិធីក្រុងពលីបញ្ចុះបឋមសិលាកសាងនូវមហាកុដិនេះ គឺបានធ្វើការរៀបចំទៅតាមបែបប្រពៃណីខ្មែរយើង៕