ក្មេងទំនើង៥នាក់ ដែលបង្កហឹង្សាដោយចេតនា និងកាន់កាប់អាវុធខុសច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទូតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រុក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការណ៍ស្រាវជ្រាវ និងស្ទាក់ចាប់ឃាត់ខ្លួនក្មេងទំនើង បានជាបន្តបន្ទាប់សរុបចំនួន០៥នាក់ ដែលបង្កហឹង្សាដោយចេតនា កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឱ្យដឹងថា ការចុះចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បន្តថា ក្នុងប្រតិបត្តិការណ៍នោះកម្លាំងដកហូតបាននូវវត្ថុតាងរួមមាន៖កាំបិតកែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម ,ម៉ូតូ ចំនួន៣គ្រឿង,កាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម ,កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន០១ថង់ រួចនាំទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ធ្វើការសួរនាំ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖
១.ឈ្មោះ អៀន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
២.ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
៣.ឈ្មោះ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
៤.ឈ្មោះ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ ស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
៥.ឈ្មោះ ម៉ែន ជូស៊ឹង (ហៅសិញ) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ក្រោយពីកម្លាំងជំនាញសួរនាំរួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន០២នាក់ គឺជនរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក បណ្តាលឲ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ។ ដោយបានស្តាប់ចម្លើយសារភាព របស់ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ក្មេងទំនើងទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕